.

លោក ទៀ សុខា និងសមាជិក ក្រុម១៥៧ ចុះពិនិត្យមើល ការសាងសង់ សាលារៀន ពីរខ្នង ក្នុងឃុំប្រឡាយ នាតំបន់អារ៉ែង

កោះកុង៖ប្រធានចលនាយុវជន កម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ លោក ទៀ សុខា រួមនិងក្រុមការងារ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នេះ បានចុះទៅ កាន់តំបន់ អារ៉ែង ដើម្បី ពិនិត្យ មើលការសាងសង់ សាលារៀនពីរខ្នង ក្នុងឃុំប្រឡាយ នាតំបន់អារ៉ែង ដែលគ្រោង នឹងបញ្ចប់ ជាស្ថានពរនៅខែកុម្ភៈឆ្នាំ២០១៦ ខាងមុខនេះ។
បើតាមលោក ទៀ សុខា ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ ដែលបាន ដឹកនាំក្រុមការងារ ក្រុម១៥៧ ចុះទៅកាន់តំបន់អារ៉ែង នៅចុងខែធ្នូ ឆ្នំា ២០១៥ នេះ បានឲ្យដឹងថា តាមការគ្រោងទុក សាលាបឋមសិក្សាចំណារ និងសាលាបឋមសិក្សាសំរោង ក្នុងឃុំប្រឡាយ អាចនឹងសាងសង់ រួចរាល់នៅក្នុង ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ។
លោក ទៀ សុខា បានបន្តថា ក្រោយពីបញ្ចប់ការសាងសង់ សាលារៀនទំាង៤ខ្នង ជាស្ថាពរ នឹងត្រូវបានដាក់សម្ភោធន៍ ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោក បណ្ឌិត ហ៊ុន ម៉ាណែត ស្ថាបនិក នៃចលនាយុវជកម្ពុជា ក្រុម១៥៧។
ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ រូបនេះ បានរំពឹងថា សាលារៀន៤ខ្នង ក្នុងតំបន់អារ៉ែង ដែលនឹងត្រូវដាក់សម្ពោធន៍ ឲ្យប្រើប្រាស់ ក្នុងពេល ខាងមុខ នេះ នឹងអាចចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យអប់រំ តាមរយៈ ការបណ្តុះ បណ្តាលចំណេះដឹងដល់ក្មេងៗ ក្នុងតំបន់ដាច់ស្រយ៉ាល់មួយនេះ។
សូមរំលឹកផងដែរថា សាលាបឋមសិក្សា ៤ខ្នង នៅក្នុងតំបន់អារ៉ែងនេះ គឺបានមកពីការរ៉ៃអង្គាសគ្នា របស់សមាជិកសមាជិកា នៃចលនាយុវជនកម្ពុជា ក្រុម១៥៧ ប្រមាណ ៥០០០ នាក់ នៅតាមបណ្តា រាជធានី-ខេត្ត ហើយគម្រោងសាងសង់នេះ នឹងត្រូវបញ្ចប់ ជាស្ថាពរនៅក្នុងខែកុម្ភៈ ដើមឆ្នាំ២០១៦ ហើយនេះក៏ជា ប្រវត្តិសាស្ត្រ ផង ដែរ ក៏ជាលើកទី១ ដែលក្មេងៗនៅតំបន់អារ៉ែង បានរៀនក្នុងសាលា ដែលសង់អំពីថ្មដ៏រឹងមំា មិនដូចគ្រាលមុន ដែលពួកក្មេងៗ ត្រូវរៀនក្នុងសាលា ខ្វះដំបូល ខ្វះជញ្ជំាង បិទបំាង ពេលខ្លះត្រូវខ្យល់ ត្រូវភ្លៀងពេលកំពុងរៀនផងដែរ។
អំពីប្រវត្តិនៃការសាងសង់ សាលារៀននេះ គឺស្ថិតក្រោមស្មារតីដឹកនាំរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ស្ថាបនិក នៃចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក ម៉ឹង ពន្លក ប្រធានចលនាយុវជន កម្ពុជា ក្រុម១៥៧ រួមនិងលោក ទៀ សុខា ប្រធានសាខា ខេត្តព្រះសីហនុ លោក ស្រេង ហុង ប្រធានសាខា ខេត្តកោះកុង បានដឹកនាំក្រុមការងារ ពុះពាររយៈពេល ៧ខែ កន្លងមកនេះ ទីបំផុតសាលាបឋមសិក្សាចំនួន ២ខ្នង នៅក្នុងភូមិជំនាប់ ឃុំជំនាប់ និងភូមិប្រឡាយ ឃុំប្រឡាយ ត្រូវបានបញ្ចក់ការ សាងសង់ ជាស្ថាពរ ដោយឡែក ២ខ្នងទៀត នៅក្នុងភូមិសំរោង និងភូមិចំណារ ឃុំប្រឡាយ កំពុងតែសាងសង់ ហើយនឹងត្រូវបញ្ចប់គម្រោង នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា ចំពោះគម្រោង នៃការសាងសង់ សាលាបឋមសិក្សា ៤ខ្នង នៅក្នុងតំបន់អារ៉ែងនេះ ៣ខ្នង ត្រូវបានផ្តល់ជូន តាមរយៈចលនាយុវជនកម្ពុជា ក្រុម ១៥៧ ក្រោមការដឹកនាំ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាស្ថាបនិក និងក្រោមការ ដឹកនាំផ្ទាល់របស់លោក ម៉ឹង ពន្លក ដែលជា ប្រធាននៃចលនានេះ។ ដោយ ឡែកការសាងសង់ សាលាបឋមសិក្សា ១ខ្នង ទៀត ទទួលបានតាមរយៈ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់ទីក្រុងឡុងប៊ិច និងទីក្រុងឡូសអាន់ជេឡែស រដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាម៉េរិក បន្ទាប់ពីបងប្អូនពលរដ្ឋខ្មែរទំាងនោះ បានមើលឃើញពីសកម្មភាព មនុស្សធម៌របស់ សមាជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលបាន ខិតខំជួយប្រជាពលរដ្ឋ ដែលជួបការខ្វះខាត ប្រជាពលរដ្ឋជួបបញ្ហាផ្សេងៗ នៅក្នុងសង្គម។ ស្តែងតាមរយៈនេះហើយ ក្នុងដំណើរទស្សនៈកិច្ចក្រៅផ្លូវការរបស់លោក ម៉ឹង ពន្លក និងក្រុមការងារ ទៅកាន់សហរដ្ឋអាម៉េរិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ បងប្អូនពលរដ្ឋខ្មែរទំាងនោះ បានស្នើលោក ម៉ឹង ពន្លក សុំចូលរួមចំណែក ជួយឧត្ថម្ភក្នុងការសាងសង់ សាលារៀន ១ខ្នង នៅក្នុងតំបន់អារ៉ែង ដើម្បីជួយដល់ក្មេងៗ នៅក្នុងតំបន់ដាច់ ស្រយ៉ាល់មួយនេះ ឲ្យទទួលបានការអប់រំល្អ ទទួលបានសាលារៀនល្អ និងជួយសម្រួល ដល់ការសិក្សា របស់ក្មេងៗទំាងនោះផងដែរ។
សាលាបឋមសិក្សា ៤ខ្នង ក្នុងតំបន់អារ៉ែងនេះ គឺជាក្តីជាសង្ឃឹមថ្មី ក៏ជាការបោះជំហានទៅមុខ ថែមមួយកំរិតទៀតផងដែរ សម្រាប់វិស័យអប់រំ ក្នុងតំបន់ដាច់ ស្រយ៉ាល មួយនេះ។ សាលាបឋមសិក្សា៤ខ្នង ដែលសមាជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ បាននិងកំពុងខិតខំពុះពារក្នុងការសាងសង់នេះ គឺស្ថិតនៅក្នុងភូមិជំនាប់ ឃុំជំនាប់ ភូមិប្រឡាយ ភូមិចំណារ និងភូមិសំរោង ក្នុងឃុំប្រឡាយ។
មិនយូរនោះទេ សាលាបឋមសិក្សាទំាង៤ខ្នង ដែលធ្វើអំពីថ្ម និងសម្រេចបាន១០០ភាគរយ ដែលជាឱកាស ឱ្យកូនអ្នកភូមិទំាងអស់ បានចូលសិក្សារៀនសូត្រ ក្នុងសាលារៀន មួយដ៏កក់ក្តៅ លេងល្ហល្ហេវ លេងខ្លាចត្រូវភ្លៀង ត្រូវខ្យល់ដូចមុនទៀត ហើយនេះក៏ជាប្រវត្តិសាស្ត្រ ក៏ដូចជាលើកទីមួយនោះដែរ ដែលប្រជាពលរដ្ឋ នាតំបន់ដាច់ស្រយ៉ាលមួយនេះ មានសាលាថ្មសម្រាប់ក្មេងៗ បានរៀនសូត្រវាខុសពីពួកគាត់ជំនាន់មុន ដែលមានអាយុជិត២០ឆ្នាំ ទើបបានរៀនសូត្រ។ ចំពោះ ប្រជា ពលរដ្ឋបានសម្តែង ក្តីរំភើបចំពោះការសាងសង់ សាលារៀនដល់កូនចៅគាត់ បងប្អូនប្រជាពលរដ្ឋ បានធ្វើការកោតសរសើរដល់ ចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលបានខិតខំជួយ វិស័យអប់រំនៅក្នុងតំបន់អារ៉ែងនេះ។ ក្មេងៗក្នុងតំបន់អារ៉ែង បានបង្ហាញពីការពេញចិត្ត សប្បាយរីករាយ ចំពោះសាលាសង់អំពីថ្មទំាងនេះ ហើយពួកគេកំពុងរង់ចាំ អង្គុយរៀនសូត្រ ក្នុងសាលាដ៏កក់ក្តៅមួយនេះ៕
សាលាបឋមសិក្សា ប្រឡាយ ក្នុងភូមិប្រឡាយ ឃុំប្រឡាយ
សាលាបឋមសិក្សា ជំនាប់ ក្នុងភូមិជំនាប់ ឃុំជំនាប់
សាលាបឋមសិក្សា សំរោង ក្នុងភូមិសំរោង ឃុំប្រឡាយ
សាលាបឋមសិក្សាចំណារ ក្នុងភូមិចំណារ ឃុំប្រឡាយ
Newest
Previous
Next Post »